បង្រ្កាបទីតាំងដាំកញ្ឆាខុសច្បាប់មួយកន្លែង ក្នុងស្រុកភ្នំក្រវាញ

ពោធិ៍សាត់ ៖ អាជ្ញាធរបង្រ្កាបបានទីតាំងដាំកញ្ឆាមួយកន្លែង ត្រង់ចំណុចមល់ ក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

លោកវរៈសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប្រាប់អ្នកសារព័ត៌មានថា ទីតាំងដាំកញ្ឆានោះ មានទំហំបណ្ដោយ ១៤ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែលដាំចំនួន ១១ជួរ ដោយមួយជួរមាន៥០ដើម សរុបទាំងអស់ ចំនួន៥៥០ដើម។

លោក តាន់ គារិទ្ធ បានបញ្ជាក់ថា ក្រោយពីអាជ្ញាធរបានបង្រ្កាបទីតាំងដាំកញ្ឆានោះហើយភ្លាម អាជ្ញាធរក៏បានដកដើមកញ្ឆាសរុបចំនួន៥៥០ដើម នោះដុតកម្ទេចចោល នៅទីតាំងនោះផ្ទាល់តែម្តង។ លោក តាន់ គារិទ្ធ បានប្រាប់ដូច្នេះថា៖ «យើងដុត ដោយប្រើប្រេងម៉ាស៊ូត និងប្រើសាំង ព្រមទាំងឧសដែលងាប់ៗ។ យើងដុតនេះ គឺយើងដុតដោយ ថយប្រហែលជា៦ ទៅ៧ម៉ែត្រ ហើយយើងឈរពីលើខ្យល់។ អ៊ីចឹងអត់ប៉ះពាល់ដល់សុខភាពមនុស្សឡើយ»។

បើតាមលោកអធិការ បន្តថា ជនខិលខូចបានដំាដើមកញ្ឆានោះ អស់រយៈពេលជាច្រើនខែមកហើយ។ ប្រហែលជា២ ទៅ៣ខែទៀត នឹងអាចប្រមូលផលដើម កញ្ឆានោះបានហើយ។ លោក តាន់ គារិទ្ធ បានប្រាប់ឲ្យដឹងថា កន្លែងដែលដាំកញ្ឆានោះ គឺជាដីរបស់រដ្ឋ ដែលជនខិលខូចបានលួចដាំដោយខុសច្បាប់។

ជុំវិញការចុះទៅបង្រ្កាបទីតាំងដាំកញ្ឆានេះ អាជ្ញាធរពុំទាន់អាចកំណត់អត្តសញ្ញាណរបស់ជនខិលខូចដែលលួចដាំកញ្ឆានេះបាននៅឡើយទេ។ តែយ៉ាងណា អាជ្ញាធរកំពុងតែស្រាវជ្រាវរកមុខសញ្ញាដែលលួចដាំកញ្ឆានេះ។

លោក តាន់ គារិទ្ធ បានប្រាប់ដូច្នេះថា «វាដាំនៅមាត់ស្ទឹងដែលជាដីរបស់រដ្ឋ ពីព្រោះយើងកាត់ចំណីស្ទឹងទៅ វាជាដីរបស់រដ្ឋ ហើយវាដាំនៅក្នុងព្រៃនៅជុំវិញហ្នឹង គឺសុទ្ធតែព្រៃ។ បើសិននៅក្នុងដីឡូ ពីណាគេ គឺយើងអាចសួរម្ចាស់ដីប្រាកដជាអាចរកមុខសញ្ញាបាន»។

លោកអធិការ បានអះអាងថា មុនឈានដល់អាជ្ញាធរអាចចុះបង្រ្កាបទីតាំងដាំកញ្ឆានោះបាន គឺមានពលរដ្ឋមួយចំនួនបានរាយការណ៍អំពីទីតាំងដាំកញ្ឆាដោយខុសច្បាប់។ ដើម្បីបង្រ្កាបទីតាំងដាំកញ្ឆាខុសច្បាប់ លោក តាន់ គារិទ្ធ បានអំពាវនាវដល់ពលរដ្ឋ ប្រសិនជាប្រទះឃើញទីតាំងណាលួចដាំកញ្ឆា សូមប្រញាប់រាយការណ៍មកអាជ្ញាធរ ដើម្បីចុះទៅបង្រ្កាបបានទាន់ពេលវេលា។

យោងតាមមាត្រា៣៨ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជនណាដែលដាំដើមដែលមានផ្ទុកសារធាតុញៀន សម្រាប់ចែកចាយ គឺនឹងត្រូវផ្ដន្ទាទោសពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ដល់ ១០លានរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *