បើកឡានខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកបង្គោលប្រអប់ភ្លើង រួចបន្តបុកដើមឈើ រងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ ៖ រថយន្តម៉ាកស៊ីណា មួយគ្រឿង បើកបរក្នុងស្ថានភាពល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកបង្គោលប្រអប់ភ្លើងបាក់អស់ចំនួន១ដើម រួចបន្តជ្រុលទៅបុកដើមឈើបន្ថែមទៀត បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងបង្កឱ្យមានមនុស្ស ៣នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍មួយនេះ កើតឡើងនៅវេលាម៉ោង ៣៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតេលា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសចំនួន ២នាក់ និងនារីម្នាក់ ជិះរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-4379 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនពីជើងទៅត្បូង។ លុះមកដល់កន្លែងកើតហេតុបានរេចង្កូតទៅខាងស្តាំបុកបង្គោលភ្លើងបាក់អស់ ចំនួន១ដើម រួចបន្តជ្រុលទៅបុកដើមឈើបន្ថែមទៀត បណ្ដាលឱ្យរថយន្តរងការខូចខាតស្ទើរតែទាំងស្រុង។ ដោយឡែក មនុស្សប្រុសស្រីចំនួន៣នាក់ ដែលនៅក្នុងរថយន្តរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយគ្លីនិកឯកជនដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗបន្ទាប់ពីកើតហេតុ។

រឿងដែលគួរហួសចិត្តមួយទៀត ក្នុងហេតុការណ៍មួយនេះ មិនឃើញមានវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញណាម្នាក់ ចុះទៅដល់ទីតាំងកន្លែងកើតហេតុនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *