បើតាម BelTA៖ បេឡារុស នឹងធ្វើសមយុទ្ធកែនកងទ័ព នៅក្បែរព្រំដែនអ៊ុយក្រែន

ឡុងដ៍ ៖ ទីភ្នាក់ងារសារព័ត៌មានបេឡារុស បែលតា (BelTA) បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថាប្រទេសបេឡារុសនឹងដឹកនាំការធ្វើ សមយុទ្ធយោធាកែនកងទ័ព នៅខែមិថុនា និងខែកក្កដាខាងមុខនេះ នៅចំពោះមុខការសង្ស័យថាទីក្រុងមីនស្កិ៍ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី អាចនឹងលូកដៃចូលក្នុងសង្រ្គាមអ៊ុយក្រែន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារសារព័ត៌មាន បែលតា (BelTA) តាមរយៈការស្រង់សម្ដីពីប្រធាននាយកដ្ឋានយោធានៅក្នុងតំបន់ហ្គូមែល លោក អាន់ទ្រេ គ្រីវ៉ូណូសូវ (Andrey Krivonosov) សមយុទ្ធកែនកងទ័ពខាងលើនឹងត្រូវធ្វើឡើងនៅក្នុងតំបន់ហ្គូមែល (Gomel) ដែលស្ថិតនៅក្បែរព្រំដែន អ៊ុយក្រែន ពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា។ សមយុទ្ធនេះនឹងមានការចូលរួមនាយកដ្ឋានយោធា ទីភ្នាក់ងាររដ្ឋបាលយោធា និងកងកម្លាំងប្រដាប់អាវុធ។

លោក Krivonosov បានបន្ថែមទៀតថា សមយុទ្ធយោធាបណ្ដុះបណ្ដាលដាច់ដោយឡែកមួយទៀត ក៏នឹងត្រូវធ្វើឡើងផងដែរពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា បេឡារុសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី បាននិយាយកាលពីថ្ងៃមីនាកន្លងទៅថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងមិនចូលរួម ក្នុងសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃនេះទេ ប៉ុន្តែបេឡារុសត្រូវបានបណ្ដាប្រទេសលោកខាងលិចចោទប្រកាន់ថាបានជួយសម្រួល និងបើកដៃឱ្យ កងទ័ពរុស្ស៉ីឆ្លងកាត់ព្រំដែនរបស់ខ្លួន ដើម្បីបើកការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *