លោក ហ៊ុន ម៉ាណែត អញ្ជើញចុះហេត្ថលេខាទទួលថវិកាពីក្រុមហ៊ុន ជីប ម៉ុង ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានលើកឡើងថា អ្វីដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានធ្វើមុនការរីករាលដាលនៃជំងឺកូវីដ១៩ សមាគមនឹងបន្តធ្វើតទៅទៀតក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីជួយដល់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមហ៊ុនជីប ម៉ុង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន ជីប ម៉ុង ប្រកបដោយមោទនភាពនៅក្នុងការជួយពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជា និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមផ្តល់លទ្ធភាពជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ផ្ដល់ថវិកាចំនួន ២០ម៉ឺនដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាពលរដ្ឋ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន ជីប ម៉ុង បានជួយឧបត្ថម្ភគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប៉ុន្តែក្រុមហ៊ុនបានជួយឧបត្ថម្ភដល់សមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតន ប៊ុន រ៉ានី ហ៊ុនសែន ជួយដល់វិស័យការពារជាតិ និងជួយដល់វិស័យផ្សេងៗជាច្រើនទៀត ដែលយើងបានធ្វើរួមគ្នា ហើយទទួលបានជោគជ័យរួមគ្នាប្រកបដោយមោទនភាព។

បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បុណ្យដែលយើងធ្វើជាមួយគ្នានេះ គឺបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ និងសង្គម។ សង្ឃឹមថាក្រុមហ៊ុន ជីប ម៉ុង នឹងបន្តជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បន្ទាប់ជួយផ្ដល់លទ្ធភាពដល់សមាគម TYDA ដើម្បីជួយប្រជាពលរដ្ឋខ្មែរ។

លោកបណ្ឌិតបានបន្តថា ចក្ខុវិស័យចង់ឃើញក្រុមហ៊ុននៅក្នុងស្រុកមានការរីកចម្រើន ហើយមានការប្រកួតប្រជែងពង្រីកខ្លួនទៅក្រៅប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលនេះគឺជាមោទនភាពរបស់ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *