Mohamed Salah ត្រូវបានបោះឆ្នោតជាប់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ ដោយសមាគម FWA

ឡុងដ៍ ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លិប Liverpool កីឡាករ Mohamed Salah បានក្លាយជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់ចក្រភពអង់គ្លេស នៅក្នុងការបោះឆ្នោតប្រចាំឆ្នាំមួយនៃសមាគមអ្នកសរសេរព័ត៌មានកីឡាបាល់ទាត់ (Football Writers’ Association, FWA) ជាមួយនឹងកីឡាករលំដាប់អន្តរជាតិសញ្ជាតិអេហ្ស៊ីបរូបនេះ បានទទួលពានរង្វាន់នេះជាលើកទី២។

Salah ដែលធ្លាប់បានឈ្នះពានរង្វាន់នេះម្តងកាលពីឆ្នាំ២០១៨ នោះ បានទទួលការគាំទ្រ ៤៨ភាគរយនៃសំឡេងបោះឆ្នោតគាំទ្រ នាំមុខកីឡាករ Kevin De Bruyne របស់ក្លិប Manchester City និងកីឡាករ Declan Rice របស់ក្លិប West Ham United ដែលទទួលបានចំណាត់ថ្នាក់ទី២ និងទី៣ ដាច់ដោយឡែកពីគ្នា។

កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ៣០គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន ១៤គ្រាប់ក្នុងចំណោម ៤៤ប្រកួតសម្រាប់ក្លិប Liverpool ក្នុងរដូវកាលនេះ ហើយនៅតែជាផ្នែកមួយដ៏សំខាន់នៃក្រុមរបស់លោក Jurgen Klopp ដែលមានត្រឹម ១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City ក្នុងតារាង Premier League ដោយនៅសល់ ៥ប្រកួតទៀតបិទរដូវកាល។

ជាមួយគ្នានោះ ខ្សែប្រយុទ្ធ Sam Kerr របស់ក្លិប Chelsea ក៏បានក្លាយជាកីឡាការិនីបាល់ទាត់ឆ្នើមប្រចាំឆ្នាំ ជាមួយនឹងសំឡេងគាំទ្រ ៤០ភាគរយ ឈ្នះលើខ្សែប្រយុទ្ធ Arsenal កីឡាការិនី Vivianne Miedema និងកីឡាការិនី Lauren Hemp របស់ក្លិប Man City។

កីឡាការិនីលំដាប់អន្តរជាតិសញ្ជាតិអូស្ត្រាលីរូបនេះ ជាកីឡាការិនីរកបានគ្រាប់បាល់ច្រើនជាងគេក្នុងពាន Women’s Super League នារដូវកាលនេះ ជាមួយនឹងការស៊ុតបញ្ចូលទី ១៨គ្រាប់ផងដែរ។

ទាំងកីឡាករ Salah និងកីឡាការិនី Kerr នឹងទទួលបានពានរង្វាន់របស់ពួកគេនៅថ្ងៃទី០៥ ខែឧសភាខាងមុខ នេះបើតាមការបញ្ជាក់ពី FWA៕

Leave a Reply

Your email address will not be published. Required fields are marked *