លោកស្រី Andersson នាយករដ្ឋមន្ត្រីស៊ុយអែត ច្រានចោលគំនិតធ្វើប្រជាមតិ ជុំវិញផែនការស្នើសុំចូល NATO

ស្តុកខុល ៖ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អាន់ដឺសុន (Magdalena Andersson) បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលស៊ុយអែត មិនមានគម្រោងធ្វើប្រជាមតិទេ ទោះជាសភារបស់ខ្លួនសម្រេចចិត្តដំណើរការ ការស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) ជាផ្លូវការក៏ដោយ។

ការបញ្ជាក់របស់លោកស្រី អាន់ដឺសុន ធ្វើឡើង ខណៈសភាស៊ុយអែតកំពុងពិនិត្យលើគោលនយោបាយសន្តិសុខ ជាមួយនឹងរបាយការណ៍ស្តីពី ការចូលជាសមាជិកអង្គការ NATO ដែលបានគ្រោងទុកនៅពាក់កណ្តាលខែឧសភាខាងមុខ។ ប៉ុន្តែព្រមពេលជាមួយគ្នា គណបក្សសង្គមប្រជាធិបតេយ្យ របស់លោកស្រីផ្ទាល់ ក៏កំពុងពិចារណាផងដែរថាតើត្រូវទម្លាក់ចោលការជំទាស់របស់ពួកគេ ជុំវិញសមាជិកភាពរបស់ស៊ុយអែតនៅឯអង្គការ NATO ដែរឬយ៉ាងណា ខណៈគណបក្សនេះកន្លងមកតែងតែប្រកាន់ជំហរជំទាស់នឹងការចូលជាសមាជិកបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន លោកស្រី អាន់ដឺសុន បានគូសបញ្ជាក់ថា «ការធ្វើប្រជាមតិ គឺជាគំនិតដ៏ខុសឆ្គងមួយ, ខ្ញុំគិតថាបញ្ហា គឺនៅចំពោះមុខ និងមិនចាំបាច់ត្រូវការការធ្វើប្រជាមតិនោះទេ»។ លោកស្រីបានបន្ថែមថា «ព័ត៌មានជាច្រើនអំពីសន្តិសុខជាតិ គឺជាការណ៍សម្ងាត់ ដូច្នេះវាមានបញ្ហា សំខាន់ដែលមិនអាចយកមកធ្វើប្រជាមតិបាន និងការពិតមួយចំនួនដែលមិនអាចយកមកដាក់លើតុពិភាក្សាបាន»។

គួរបញ្ជាក់ថា ប្រតិបត្តិការយោធារបស់រុស្ស៉ីដែលលោកខាងលិចហៅថាជាការឈ្លានពានលើអ៊ុយក្រែន បានបង្ខំឱ្យទាំងស៊ុយអែត និងហ្វាំងឡង់ ពិនិត្យឡើងវិញនូវគោលនយោបាយជាយូរមកហើយថា អព្យាក្រឹតភាពយោធាគឺជាមធ្យោបាយ ដ៏ល្អបំផុតក្នុងការធានាសន្តិសុខជាតិ ដោយប្រទេស ទាំងពីររំពឹងថានឹងធ្វើការសម្រេចចិត្ត នាប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីចូលជាសមាជិករបស់អង្គការ NATO៕

Leave a Reply

Your email address will not be published. Required fields are marked *