ការកាត់បន្ថយផលប៉ះពាល់ដោយសារថ្នាំជក់ គឺការដំឡើងពន្ធ ខណៈពលរដ្ឋកម្ពុជា ប្រមាណជា១៥០០០នាក់ស្លាប់

កំពង់ចាម ៖ យោងតាមការបញ្ជាក់ពីមន្រ្តីបច្ចេកទេស នៃអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឱ្យដឹងថា បើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធនានា បានឱ្យដឹងថា ការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា បណ្តាលឱ្យមានអ្នកស្លាប់ប្រមាណ ១ម៉ឺន ៥ពាន់នាក់ជារៀងរាល់ឆ្នាំ និងធ្វើឱ្យខាតបង់ថវិកាជិតប្រមាណ ៦៥០លានដុល្លារអាម៉េរិក ស្មើនឹង ៣ភាគរយ នៃផលិតផលសរុបក្នុងស្រុក។ លោកបន្ថែមថា វិធានការដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការ ជួយគាំទ្រឱ្យ ប្រជាពលរដ្ឋអាចផ្ដាច់បារីបានជោគជ័យ គឺការដំឡើងពន្ធថ្នាំជក់ ព្រោះនៅពេលដែលពន្ធថ្នាំជក់កើនឡើង អ្នកជក់បារីជក់តិច ជាងមុន ឬ ផ្ដាច់បារីទាំងស្រុង ដែលនាំទៅរកការថយចុះចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នកឈឺដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះទៀត ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធរដ្ឋបន្ថែម សម្រាប់ប្រើប្រាស់ថវិកាទាំងនោះ ដើម្បីទ្រទ្រង់សកម្មភាពលើកកម្ពស់សុខភាពសាធារណៈ ខណៈបច្ចុប្បន្ននេះ កម្ពុជាមានអត្រាពន្ធលើផលិតផលថ្នាំជក់ផលិតក្នុង ស្រុក មាន២៥ភាគរយ ធៀបនឹងតម្លៃលក់រាយ និង៣១ភាគរយធៀបនឹងតម្លៃលក់រាយដែលនាំចូលពីបរទេស។

តំណាងអង្គការ CMH បានឱ្យដឹងទៀតថា ការកាត់បន្ថយផលប៉ះពាល់ដោយសារថ្នាំជក់ គឺការដំឡើងពន្ធថ្នាំជក់ ខណៈដែលពលរដ្ឋកម្ពុជា ប្រមាណជា១៥០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារផលប៉ះពាល់មកពីការប្រើប្រាស់ថ្នាំជក់។

បើតាមសិក្សាមួយ របស់អង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង ៩៣៣លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់ រហូតដល់៧៥% នៃតម្លៃបារីលក់រាយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ កាលពីខែមីនាកន្លងទៅនេះ បានឱ្យដឹងទៀតថា ការដំឡើងពន្ធថ្នាំជក់ ធ្វើឱ្យតម្លៃថ្នាំជក់កើនឡើង និងកាត់បន្ថយលទ្ធភាពទិញបាន ហើយវាជាវិធីសាស្រ្តមានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ប្រសិនបើកម្ពុជាដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យ ប្រជាពលរដ្ឋប្រមាណ ២លាននាក់ឈប់ជក់បារី និងប្រជាពលរដ្ឋប្រមាណ១៥០០០នាក់ រួចផុតពីសេចក្ដីស្លាប់ដោយសារ ការជក់បារី ក្នុងមួយឆ្នាំៗ៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *