ឯកឧត្តម ហ៊ុន ម៉ាណែត កោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា

តាកែវ ៖ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តចែង ស្ថិតក្នុងភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទចំពោះសមិទ្ធផលជាច្រើនដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងសូមកោតសរសើរចំពោះស្មារតីសាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកកសាងលើកស្ទួយព្រះពុទ្ធសាសនា។ សមិទ្ធផលជាកេរដំណែលនេះ នឹងបន្តស្ថិតនៅគង់វង្សច្រើនជំនាន់ទៅមុខទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីសាសនា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មានទេពកោសល្យខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល់ការណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ កត្តាទាំងនេះបង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ នាំឱ្យយកឈ្នះសត្រូវដែលមើលពុំឃើញហើយកាចសាហាវមួយនេះ ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងបន្តយូរអង្វែងទៅទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។

ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមការងាររាជដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្នុងស្រុកទ្រាំង ក៏ដូចជាទូទាំងខេត្តតាកែវ ដែលជានិច្ចកាលតែងរួមសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋជាប់ជាប្រចំាតាមគ្រប់រូបភាព សំដៅធានាបាននូវការស្វែងយល់ផ្ទាល់អំពីកម្រិតជីវភាព ភាពស្និទ្ធស្នាល និងស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះឱ្យរឹតតែល្អប្រសើរឡើងបន្ថែមទៀត ជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕

Leave a Reply

Your email address will not be published. Required fields are marked *